នៅវិមានសន្តិភាព ព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារវិនិយោគជាមួយ លោក Nan Cunhui ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CHINT Group របស់ប្រទេសចិន។ នៅក្នុងកិច្ចពិភាក្សាព្រឹកមិញនេះ គឺបានផ្តោតសំខាន់ទៅលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន២របស់ចិនដែលជាដៃគូររបស់កម្ពុជា។

កន្លងមកនេះ ក្រុមហ៊ុនបានវិនិយោគទៅលើគម្រោងវារីអគ្គិសនីតាតៃ ដែលបច្ចុប្បន្ននេះកំពុងទទួលបានជោគជ័យ ហើយកំពុងសម្លឹងឱកាសវិនិយោគបន្ត។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍គណៈប្រតិភូក្រុមហ៊ុនចិន និងអរគុណក្រុមហ៊ុនដែលបានមកវិនិយោគនៅកម្ពុជាលើវិស័យអគ្គីសនី។ ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន CHINT Group ចំពោះការនិយោគនៅកម្ពុជា គឺបានបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រពាណិជ្ជកម្ម ដែលស្របទៅនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងចិន។ គណៈប្រតិភូក្រុមហ៊ុន CHINT Group បានសំដែងនូវក្តីរីករាយ និងមោទនភាព ដែល សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអនុញ្ញាត្តអោយចូលជួបពិភាក្សាការងារវិនិយោគបន្ត។ គណៈប្រតិភូបានបង្ហាញនូវភាពជឿជាក់ថា ក្នុងរយៈពេលដែលក្រុមហ៊ុនបានមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាង ១០ឆ្នាំកន្លងមកនេះ។ អ្វីដែលក្រុមហ៊ុនបានឃើញច្បាស់ គឺកម្ពុជាមានសសុខសន្តិភាព និងស្ថិរភាពនយោបាយដែលមានការរីកចម្រើន រួមទាំងកំណើនសេដ្ឋកិច្ច សង្គមកិច្ច ដែលធ្វើឲ្យក្រុមហ៊ុនកាន់តែមានជំនឿជឿជាក់ក្នុងការបន្តដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាជាបន្តទៀត ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជា។ កន្លងមកក្រុមហ៊ុន CHINT Group បានវិនិយោគលើគម្រោងវារីអគ្គីសនីតាតៃខាងក្រោមដែលបានផលិតអគ្គីសនីសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសដោយជោគជ័យ។ ក្រុមហ៊ុនពេញចិត្តក្នុងការបន្តវិនិយោគនៅកម្ពុជា ដោយបានលើកសំណើគម្រោងវិនិយោគវ៉ារីអគ្គិសនីតាតៃខាងលើជម្រាបជូនសម្តេចតេជោ។ ក្រុមហ៊ុនមានជំនឿថាវានឹងផ្ដល់ផលចំណេញយ៉ាងច្រើន ពីព្រោះគម្រោងនេះគឺប្រើប្រាស់បណ្ដាញទឹកតែមួយហើយអាចប្រើបាន២ប្រភព ដែលនឹងជួយឲ្យបំពេញតម្រូវការនៃការប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេសដែលកំពុងត្រូវការចាំបាច់ទាំងសម្រាប់ប្រជាពលរដ្ឋ និងពាណិជ្ជករទូទៅ។ ជាមួយគ្នានោះផងដែរ គណៈប្រតិភូក្រុមហ៊ុន ក៏បានលើកឡើងនូវគម្រោងវិនិយោគកសាងរោងចក្រផលិតឧបករណ៍ដែលបំរើការទៅលើវិស័យថាមពលប្រកបដោយបច្ចេកវិទ្យាទំនើប ដូចជាត្រង់ស្វូ បន្ទះសូឡា និងគ្រឿងឧបករណ៍ផ្សេងៗទៀតដែលសម្រាប់ប្រើប្រាស់នៅក្នុងវិស័យងថាមពល ដែលនឹងជួយថែរក្សាការការពារនូវការប៉ះពាល់បរិស្ថាន និងការសន្សំសំចៃភ្លើងផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរនូវគម្រោងនេះ ដោយសម្ដេចបានមានប្រសាសន៍ថា នេះគឺជាអត្ថប្រយោជន៍មួយសំខាន់នៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងចំណោមយុទ្ធសាស្ត្រទាំង៤ ដែលក្នុងនោះមាន ធនធានមនុស្ស ផ្លូវ ភ្លើង និងទឹក ដូច្នេះការវិនិយោគទៅលើវិស័យថាមពលអគ្គិសនី គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀត។ សម្តេចតេជោ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះអគ្គិសនីត្រូវបានធ្វើការចែកចាយមិនត្រឹមតែក្នុងទីក្រុងប៉ុណ្ណោះទេ គឺត្រូវបានបម្រើចែកចាយដល់ទីជនបទដាច់ស្រយាលផងដែរ។ ស្របពេលក្នុងការបណ្តាក់ទុនជាលើកទី២នៅកម្ពុជា សម្ដេចតេជោ បានធ្វើការណែនាំដល់ក្រុមហ៊ុនមិនត្រូវមើលតែលទ្ធភាពទីផ្សារកម្ពុជា ដែលមានមនុស្សប្រមាណ ១៦លាននាក់នោះទេ គឺត្រូវមើលទីផ្សារអាស៊ាន (ASEAN Market) ទីផ្សារតំបន់ ជាពិសេសក្នុងកម្រោងនៃកិច្ចព្រមព្រៀងថ្មីៗនោះ មានន័យថារាល់ការវិនិយោគមិនត្រឹមតែបំរើនូវសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាទេ គឺត្រូវគិតទៅលើការផលិតដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារដទៃទៀតខាងក្រៅផងដែរ។ ជារួម នៅក្នុងជំនួបនេះ សម្ដេចតេជោ បានស្វាគមន៍ចំពោះគម្រោងដែលក្រុមហ៊ុនចិនបានលើកឡើង ហើយជំរុញឲ្យក្រុមហ៊ុនខិតខំអនុវត្តបានជោគជ័យ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀត។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអរគុណក្រុមហ៊ុន CHINT Group ហើយបានស្នើសុំអោយក្រុមហ៊ុនលោក និងក្រុមហ៊ុនប្រទេសចិនទាំងអស់បន្តវិនិយោគរួមចំណែកអភិវឌ្ឍន៍កម្ពុជា ហើយ សម្តេចតេជោក៏បានស្នើសុំអោយភាគីមិត្តចិនបើកទីផ្សារអោយបានទូលាយថែមទៀត សម្រាប់នាំចូលនូវផលិតផលកសិកម្មអោយបានកាន់តែច្រើនពីកម្ពុជា។ ទន្ទឹមនឹងនោះដែរ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រាជរដ្ឋាភិបាលកម្ពុជា នឹងស្នើសុំអោយមានការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទំនាក់ទំនងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន ដើម្បីធានាដល់បរិយាកាសល្អសម្រាប់ក្រុមហ៊ុនចិនជាច្រើនទៀតមកវិនិយោគនៅកម្ពុជា៕