ទន្ទឹមនឹងដំណើរទស្សនៈកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅប្រទេសប៊ុលការី សភាពាណិជ្ជកម្មកម្ពុជាក៏មានបេសកម្មនៅប្រទេសអូទ្រីស ដើម្បីរិតចំណងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការចង្អុលបង្ហាញរបស់

សម្តេចតេជោ ដែលនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោកឧកញ៉ា ងួន ម៉េងតិច អគ្គលេខាធិការសភាពាណិជ្ជកម្មកម្ពុជា បានដឹកនំាអ្នកធុរកិច្ចកម្ពុជាមកជួបប្រជុំពិភាក្សាការងារពាណិជ្ជកម្មជាមួយ លោក Clemens Machal ជាតំណាងប្រចាំ Asia/Oceania នៃប្រទេសអូទ្រីស។ សូមបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មរវាងប្រទេសប្រទេសអូទ្រីសនិងកម្ពុជាក្នុងឆ្នាំ ២០១៨ គឺបានកើនឡើង $២៣៩លានដុល្លារ ដែលក្នុងនោះប្រទេសអូទ្រីសបាននាំចេញពីកម្ពុជានូវផលិតផលវាយណភ័ណ្ឌ និងផលិតផលកសិម្មមួយចំនួនដូចជាស្រូវអង្ករ និងកៅស៊ូជាដើម រីឯកម្ពុជាវិញគឺបាននាំចូលពីអូទ្រីសនូវគ្រឿងចក្រ និងគ្រឿងយន្តកសិកម្ម។ លោក Machal បានបញ្ជាក់ថា រដ្ឋាភិបាលអូទ្រីសមានបំណងក្នុងការផ្តល់កម្ចីប្រាក់គ្មានការប្រាក់ពី២០ទៅ៣០ឆ្នាំដល់កម្ពុជាដើម្បីជួយពង្រឹងផ្នែកសុខាភិបាល និងសម្អាតទឹកក្រខ្វក់នៅទៅក្នុងទីក្រុង និងតាមជនបទ ដែលកិច្ចការនេះត្រូវការសហការពីវិស័យឯកជន និងមានការគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសពីក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម។ ល។ សឹងតែគ្រប់ពេលនៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នៅក្រៅប្រទេស គឺ សម្តេច តែងតែផ្តល់ឱកាស លើកទឹកចិត្ត និងគាំទ្រដល់សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជននានាអោយសហការ និងបង្កើនទំនាក់ទំនងអោយកាន់តែច្រើនលើវិស័យធុរកិច្ចជាមួយបណ្តាក្រុមហ៊ុននានា ដើម្បីទាក់ទាញអ្នកវិនិយោគទុនក្នុងការចូលរួមជំរុញការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ៕