ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសប៊ុលហ្ការី នៅថ្ងៃរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូបានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនជាមួយឯកឧត្តម រ៉ូមែន រ៉ាដេវ ប្រធានាធិបតីសាធារណរដ្ឋប៊ុលហ្ការី។

នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតី បានលើកឡើងថា ឯកឧត្តមពិតជាមានកិត្តិយស និងរីករាយជាទីបំផុត ដែលបានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសប៊ុលហ្គារី ដែលជាដំណើរទស្សនកិច្ចលើកទី៥។ ឯកឧត្តមប្រធានាធិបតី រ៉ូមែន រ៉ាដេវ បានគូសបញ្ជាក់ថា ប៊ុលហ្ការី វាយតម្លៃខ្ពស់ចំពោះវិភាគទានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់សន្តិភាព និងសន្តិសុខនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ ជាពិសេសការទប់ស្កាត់នូវការប៉ុនប៉ងត្រឡប់មកវិញនៃរបបខ្មែរក្រហម។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ទៀតថា កម្ពុជា និងប៊ុលហ្ការី មានមិត្តភាពយូរអង្វែងមកហើយ ហើយប្រទេសទាំងពីរនឹងប្រារព្ធពិធីអបអរសាទរខួបខួប៦០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ។ ឯកឧត្តម ប្រធានាធិបតី បានលើកឡើងថា ប្រទេសប៊ុលហ្ការី នៅតែជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យដែលប្រទេសទាំងពីរអាចធ្វើទៅបាន។ ឯកឧត្តមប្រធានាធិបតីបានមើលឃើញថា ទោះបីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្នមានត្រឹម ៦លានដុល្លារសហរដ្ឋអាមេរិក តែនៅសក្តានុពលលើការវិនិយោគ និងធ្វើពាជណិជ្ជកម្មជាច្រើនទៀត។ ឯកឧត្តមបានបង្ហាញក្តីរំពឹងថា តាមរយៈកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់ដែលបានចុះហត្ថលេខានៅថ្ងៃនេះ នឹងជួយជំរុញដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតី បានមើលឃើញថា តាមរយៈយន្តការសហភាពអឺរ៉ុបដែលប៊ុលហ្ការី ជាសមាជិក និងអាស៊ាន ដែលកម្ពុជា ជាសមាជិកនោះ នឹងជួយជំរុញកិច្ចសហការកម្ពុជា និងប៊ុលហ្ការីឱ្យកាន់តែល្អប្រសើរ។ តាមរយៈសម្តេចតេជោ ហ៊ុន សែន, ឯកឧត្តមប្រធានាធិបតី បានទូលទូលថ្វាយនូវការសាកសួរសុខទុក្ខថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងបានទូលថ្វាយថ្លែងអំណរព្រះគុណព្រះអង្គសម្រាប់ការអញ្ជើញ ឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។ នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍រំលឹកថា សម្តេចបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប៊ុលហ្ការីជាលើកដំបូងពេលសម្តេចមានអាយុ ២៧ឆ្នាំក្នុងពេលធ្វើជារដ្ឋមន្ត្រីការបរទេស។ ឥឡូវ ៣៥ឆ្នាំក្រោយ សម្តេចបានបំពេញទស្សនកិច្ចជាថ្មីម្តងទៀត។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅពេលនោះប្រទេសប៊ុលហ្ការី បានផ្តល់ការគាំទ្រដល់កម្ពុជាក្នុងគ្រាលំបាក ហើយពេលនោះប៊ុលហ្ការី បានផ្តល់អាហារូបករណ៍ និងបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបប្រមាណ ២០០នាក់។ សម្តេចតេជោ បានរំលឹកថា នៅពេលនោះកម្ពុជា និងប៊ុលហ្ការី មានស្ថានទូតនៅប្រទេសទាំងពីរ ហើយបច្ចុប្បន្នប្រទេសទាំងពីរកំពុងពន្លឿនឱ្យមានស្ថានទូតរវាងប្រទេសទាំងពីរឡើងវិញ។ ពាក់ព័ន្ធលើការវិនិយោគ និងពាណិជ្ជកម្មវិញ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានកិច្ចសហការកើនឡើងមួយកម្រិតទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាប ឯកឧត្តមប្រធានាធិបតីពីការឯកភាពគ្នាក្នុងការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀង ដើម្បីការពារលើការវិនិយោគទាំងសងខាងជាពិសេសកម្ពុជាស្វាគមន៍អ្នកវិនិយោគរបស់ប៊ុលហ្ការី ទៅបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្តេចពិតជាចង់អោយទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានការកើនឡើងជាលំដាប់។ លើសពីនេះទៀត ចង់ឃើញអ្នកទេសចរមានការកើនឡើង ហើយប្រជាជននៃប្រទេសទាំងពីរជាដៃគូដ៏ល្អ និងរឹងមាំ ដោយសារមានទំនាក់ទំនងយូរលង់ណាស់មកហើយ។ មិនត្រឹមតែប៉ុណ្ណោះប្រទេសទាំងពីរមានវប្បធម៌ និងអរិយធម៌ចំណាស់ដូចគ្នា។ សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចមានការកោតសរសើរចំពោះការរីកចម្រើន និងសមិទ្ធផលជាច្រើនរបស់ប៊ុលហ្ការី នាពេលកន្លងទៅនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីសង្ឃឹមថា ប៊ុលហ្ការី នឹងសហការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០។ ពាក់ព័ន្ធការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផងដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា និង ប៊ុលហ្ការី អាចធ្វើឡើងតាមរយៈទ្វេភាគី, កម្រិតអាស៊ាន និងអឺរ៉ុប និងកម្រិតអាស៊ី និងអឺរ៉ុប។ សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ទ្វីបអាស៊ី និងអឺរ៉ុប ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៊ុលហ្ការី។ ពាក់ព័ន្ធប្រព័ន្ធអនុគ្រោះពន្ធ EBA វិញ សម្ដេចតេជោ បានស្នើឱ្យប្រទេសប៊ុហ្គារី ដែលជាសមាជិកមួយនៃសហភាពអឺរ៉ុប ជួយផ្តល់យុត្តិធម៌សម្រាប់កម្ពុជា។ សម្តេចតេជោបន្តថា បច្ចុប្បន្នដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជា មិនមានដំណើរការថយក្រោយនោះទេ។ ជាក់ស្តែងការបោះឆ្នោតឆ្នាំ២០១៨កន្លងទៅឆ្នាំ នេះបានដំណើរការបានដំណើរការទៅយ៉ាងល្អបំផុតដោយសារដែលមានគណបក្សចូលរួមច្រើន និងមានអ្នកចេញទៅបោះឆ្នោតរហូតដល់ទៅជាង ៨៣ភាគរយ។ ចំពោះបញ្ហា EBA នេះ ឯកឧត្តមប្រធានាធិបតី បានឆ្លើយតបដោយបានមានប្រសាសន៍ថា ប្រទេសប៊ុលហ្គារី គឺផ្សារភ្ជាប់និងទំនាក់ទំនងជាមួយប្រទេសកម្ពុជា។ ទាក់ទងទៅនឹងការបើកស្ថានទូតនេះ ឯកឧត្តមបានមានប្រសាសន៍ថា ប៊ុលហ្ការី ពិតជាបានវាយតម្លៃខ្ពស់ចំពោះស្ថានទូតកម្ពុជា ចំពោះការបើកស្ថានទូតកម្ពុជានៅប្រទេសប៊ុលហ្គារីនេះ មិនត្រឹមតែប៉ុណ្ណោះដោយសារតែកន្លងមកមាននិស្សិតកម្ពុជាដែលបានមកសិក្សានៅប្រទេសប៊ុលហ្គារី ដូច្នេះហើយមានហេតុផលជាច្រើនទៀត ដូច្នេះមានហេតុផលជាច្រើន ដែលប្រទេសយើងទាំងពីរត្រូវពង្រីកពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នានេះ ឯកឧត្តមក៏បានមានប្រសាសន៍ថាត្រូវធ្វើយ៉ាងណាឲ្យការតភ្ជាប់នូវទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំជាងមុន។ ពាក់ព័ន្ធនឹងវិស័យអប់រំវិញ ឯកឧត្តមបានគូសបញ្ជាក់ថា មានស្តង់ដារខ្ពស់ផងដែរដោយសារតែគុណភាពនៃការអប់រំរបស់ពួកគាត់។ ឯកឧត្តម ក៏បានស្វាគមន៍ដល់និស្សិតកម្ពុជាដែលមកសិក្សានៅប្រទេសប៊ុលហ្គារីនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមនឹងធ្វើយ៉ាងណាស្វែងរកលក្ខណៈឲ្យមានបានត្រឹមត្រូវជាពិសេស ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីបានគាំទ្រប្រទេសកម្ពុជាហើយនិងចូលរួមចំណែកក្នុងការគាំទ្រដល់ប្រទេសកម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថាកម្ពុជាមិនភ្លេចពីការលះបង់របស់ប្រទេសប៊ុលហ្គារីការជួយដល់ប្រទេសកម្ពុជាឡើយនៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ជាពិសេសក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការធ្វើយ៉ាងណាមិនឲ្យវិលត្រឡប់នៅបប ប៉ុល ពត។ សម្ដេចតេជោក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសកិច្ចសហការលើបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិដែលយើងអាចសហការគ្នាបានល្អទៀត។ ចុងក្រោយ ឯកឧត្តមប្រធានាធិបតីបានគូសបញ្ជាក់ជាថ្មី ឯកឧត្តម បានចាត់ទុកកម្ពុជាជាមិត្តជាដៃគូដ៏សំខាន់នៃអាស៊ី ហើយនឹងធ្វើយ៉ាងណាឲ្យកិច្ចសហការយើងកាន់តែរឹងមាំឡើងជាមុន ដើម្បីជំរុញឲ្យយុវជនជំនាន់ក្រោយនេះកាន់តែយល់គ្នាទៅវិញទៅមក។ សូមបញ្ជាក់ថា នៅក្នុងជំនួបជាមួយប្រធានាធិបតីប៊ុលហ្ការីនេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យចៅច្បងដែលកំពុងសិក្សានៅអឺរ៉ុប ចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីប៊ុលហ្ការី និងបានជម្រាបឯកឧត្តមពីការសិក្សារបស់ចៅផងដែរ៕