សម្ដេចតេជោ៖​ ថ្មីៗនេះបងប្អូនជនរួមជាតិ នៅមានចំងល់ខ្លះៗអំពីការផ្ទេរឈ្មោះយានយន្ត។ ខ្ញុំសូមឆ្លើយបញ្ជាក់បន្ថែមលើសំនួរបងប្អូនជាលើកចុងក្រោយលើការផ្ទេរឈ្មោះយានយន្ត។ ក្នុងសេចក្តីប្រកាសរបស់ សម្តេចក្រឡាហោម ស ខេង គឺបានបញ្ជាក់ច្បាស់ហើយ

គឺទទួលស្គាល់ការកាន់កាប់ជាក់ស្ដែងដោយមិនតម្រូវឱ្យមានការ បញ្ជាក់ពីម្ចាស់ដើមនោះឡើយ។ ពាក្សនេះមានន័យថាបងប្អូនដែលបាននិងកំពុងប្រើប្រាស់យានយន្តទិញតពីគេមិនបាច់កាត់ឈ្មោះ និងមិនត្រូវបង់សេវាអ្វីទាំងអស់។ បងប្អូនបន្តប្រើឯកសារ និងផ្លាកលេខយានយន្តដែលកំពុងមានស្រាប់ជាបន្តទៅទៀត។ កិច្ចការដែលនៅសេសសល់គឺបងប្អូនត្រូវទៅបង់ពន្ធផ្លូវប្រចាំឆ្នាំតាមច្បាប់កំណត់ និងបើកបរត្រូវតែត្រូវគោរពច្បាប់ចរាចរណ៍។ សំរាប់យានយន្តដែលមិនទាន់បង់ពន្ឋ និងមិនទាន់មានផ្លាកលេខ គឺត្រូវទៅបង់ពន្ឋនិងត្រូវធ្វើផ្លាកលេខឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានសិទ្ឋិស្របច្បាប់ក្នុងការធ្វើចរាចរ។

ខ្ញុំសង្ឃឹមថាការបំភ្លឺលើកនេះរបស់ខ្ញុំ គឺនឹងបានជាប្រយោជន៍ដល់ការយល់ដឹងកាន់តែច្បាស់ចំពោះបងប្អូនម្ចាស់យានយន្តទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅ៕